156. ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ចសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមវិន័យដែលព្រះអង្គបានបង្គាប់មក។
157. អស់អ្នកដែលបៀតបៀនទូលបង្គំនិងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។
158. ពេលទូលបង្គំឃើញមនុស្សក្បត់ទូលបង្គំទាស់ចិត្តខ្លាំងណាស់ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។
159. ឱព្រះអម្ចាស់អើយ សូមជ្រាបថាទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
160. គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិតហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
161. ពួកមេដឹកនាំបៀតបៀនទូលបង្គំដោយឥតមូលហេតុក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
162. ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គដូចជាគេរកឃើញកំណប់ដ៏មានតម្លៃលើសលប់ដែរ។
163. ទូលបង្គំស្អប់ខ្ពើមការកុហកណាស់តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
164. ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដងព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
165. អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គនឹងបានសុខក្សេមក្សាន្តគ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
166. ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។
167. ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។
168. ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទនិងដំបូន្មានរបស់ព្រះអង្គដ្បិតអ្វីៗដែលទូលបង្គំធ្វើព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
169. សូមឲ្យសម្រែករបស់ទូលបង្គំបានឮទៅដល់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
170. សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំបានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។