1. ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
2. គួរឲ្យអស់អ្នកដែលព្រះអម្ចាស់បានរំដោះមក ពោលសេចក្ដីនេះគឺអស់អ្នកដែលព្រះអង្គបានរំដោះឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
3. ហើយនាំពីប្រទេសនានាមកវិញគឺពីទិសខាងកើត ពីទិសខាងលិចពីទិសខាងជើង និងទិសខាងត្បូង។
4. អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែងរកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។
5. ពួកគេឃ្លានអាហារ ស្រេកទឹកហើយបាត់បង់ទឹកចិត្ត។
6. ក្នុងពេលមានអាសន្នដូច្នេះគេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុតពីការភ័យបារម្ភ
7. ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយដែលគេអាចស្នាក់អាស្រ័យនៅបាន។
8. អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណានិងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
9. ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេកហើយប្រទានអាហារបរិបូណ៌ដល់អស់អ្នកដែលឃ្លាន។
10. អ្នកខ្លះទៀតរស់នៅក្នុងទីងងឹតស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា
11. ដ្បិតពួកគេបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់និងមាក់ងាយការប្រៀនប្រដៅរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
12. ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាតដោយសារទុក្ខវេទនាពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយពួកគេឲ្យក្រោកឡើងវិញបានឡើយ។