22. គឺការអស្ចារ្យផ្សេងៗនៅស្រុករបស់កូនចៅលោកហាំនិងដោយស្នាព្រះហស្ដដ៏គួរឲ្យស្ញែងខ្លាចនៅសមុទ្រកក់។
23. ព្រះអង្គមានព្រះបន្ទូលថានឹងកម្ទេចប្រជារាស្ត្រនេះប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើសបានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេតាមព្រះពិរោធរបស់ព្រះអង្គឡើយ។
24. បន្ទាប់មកទៀត ពួកគេចង់បដិសេធមិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ
25. ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួនមិនព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ឡើយ។
26. ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថានឹងទុកពួកគេឲ្យវិនាសនៅក្នុងវាលរហោស្ថាន
27. ព្រមទាំងកំចាត់កំចាយពូជពង្សរបស់ពួកគេទៅនៅពាសពេញក្នុងចំណោមប្រជាជាតិនានាហើយឲ្យគេស្លាប់នៅលើទឹកដីរបស់សាសន៍ដទៃ។
28. នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅថ្វាយបង្គំព្រះបាលព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែនទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
29. ពួកគេបានប្រព្រឹត្តអំពើដែលធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធបណ្ដាលឲ្យកើតមានគ្រោះកាចក្នុងចំណោមពួកគេ។
30. ពេលនេះ លោកភីនេហាសបានក្រោកឡើងដាក់ទោសពួកគេហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31. ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិតអស់កល្បជាអង្វែងតរៀងទៅ។
32. នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នាធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ
33. គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្តហើយមានប្រសាសន៍ចេញមកដោយពុំបានគិត។
34. ពួកគេពុំបានប្រហារប្រជាជាតិនានាតាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។
35. ពួកគេបែរជាទៅពាក់ព័ន្ធជាមួយប្រជាជាតិទាំងនោះហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
36. គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។