1. ហាលេលូយ៉ា!ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
2. តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបាន?តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មានដើម្បីសរសើរតម្កើងព្រះអង្គបាន?
3. អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលាអ្នកនោះមានសុភមង្គលហើយ។
4. ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យនឹងប្រជារាស្ដ្ររបស់ព្រះអង្គសូមនឹកដល់ទូលបង្គំផង!ពេលណាព្រះអង្គសង្គ្រោះពួកគេសូមជួយទូលបង្គំ
5. ដើម្បីឲ្យទូលបង្គំឃើញសុភមង្គលរបស់ប្រជាជនដែលព្រះអង្គបានជ្រើសរើសឲ្យទូលបង្គំមានអំណររួមជាមួយប្រជាជាតិរបស់ព្រះអង្គហើយឲ្យទូលបង្គំបានខ្ពស់មុខរួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
6. យើងខ្ញុំបានប្រព្រឹត្តអំពើបាបដូចបុព្វបុរសរបស់យើងខ្ញុំយើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
7. កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេពួកគេបំភ្លេចកិច្ចការជាច្រើនដែលព្រះអង្គបានធ្វើចំពោះពួកគេដោយព្រះហឫទ័យមេត្តាករុណាពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គនៅក្បែរសមុទ្រកក់។
8. ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេដោយយល់ដល់ព្រះនាមរបស់ព្រះអង្គដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។
9. ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីងព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រដូចដើរនៅវាលរហោស្ថាន។
10. ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
11. ទឹកសមុទ្របានគ្របពីលើបច្ចាមិត្តគ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។
12. ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
13. ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការដែលព្រះអង្គបានធ្វើពួកគេពុំបានរង់ចាំឲ្យព្រះអង្គសម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។
14. នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ហើយនាំគ្នាល្បងលព្រះអង្គនៅវាលដ៏ហួតហែងនោះ។