1. ឱព្រះអម្ចាស់អើយសូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំសូមមេត្តាទទួលពាក្យដែលទូលបង្គំស្រែកអង្វរនេះផង!
2. នៅពេលទូលបង្គំមានអាសន្នសូមកុំលាក់ព្រះភ័ក្ត្រឡើយ!នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គសូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!សូមឆ្លើយតបមកទូលបង្គំជាប្រញាប់!
3. ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅដូចជាផ្សែងហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។
4. ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួតសូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។
5. ទូលបង្គំចេះតែស្រែកថ្ងូរជានិច្ចទូលបង្គំនៅសល់តែស្បែក និងឆ្អឹង
6. ទូលបង្គំប្រៀបដូចជាសត្វក្អែកនៅវាលរហោស្ថានឬដូចសត្វទីទុយនៅទីស្មសាន។
7. ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជាសត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។
8. រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំនាំគ្នាប្រមាថមាក់ងាយទូលបង្គំពួកគេចំអកឡកឡឺយឲ្យទូលបង្គំហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
9. ទូលបង្គំបរិភោគទាំងទុក្ខសោកទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក
10. ព្រោះព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំយ៉ាងខ្លាំងព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។
11. អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោលនៅពេលល្ងាចនិងដូចស្មៅដែលក្រៀមស្ងួតដែរ។
12. រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ចគេនឹងរំឭកពីព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
13. ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូនព្រះអង្គមុខជាក្រោកឡើងព្រោះដល់ពេលកំណត់ដែលព្រះអង្គត្រូវប្រណីសន្ដោសក្រុងនេះហើយ។
14. យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គយើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះក៏យើងខ្ញុំជាប់ចិត្តដែរ។
15. សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះនាមរបស់ព្រះអម្ចាស់ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដីកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!
16. ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញព្រះអង្គនឹងសម្តែងសិរីរុងរឿងឲ្យគេឃើញ។
17. ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌តព្រះអង្គលែងព្រងើយកន្តើយនឹងពាក្យទូលអង្វររបស់គេទៀតហើយ។
18. ចូរសរសេរសេចក្ដីទាំងនេះទុកឲ្យមនុស្សនៅជំនាន់ក្រោយបានដឹងដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញនាំគ្នាសរសើរតម្កើងព្រះអម្ចាស់!
19. ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
20. ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំងនិងដើម្បីរំដោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត។