1. ព្រះអម្ចាស់អើយហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ?នៅពេលទូលបង្គំមានអាសន្នហេតុអ្វីបានជាព្រះអង្គសំងំស្ងៀមដូច្នេះ?
2. មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌តទាំងឥតអៀនខ្មាសពួកគេប្រើកលល្បិចធ្វើឲ្យមនុស្សទុគ៌តវិនាស។
3. មនុស្សពាលតែងតែនិយាយអួតអំពីការលោភលន់របស់ខ្លួនហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអកនិងប្រមាថព្រះអម្ចាស់។
4. មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ហើយមិនរវីរវល់នឹងអ្វីសោះព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ!
5. អ្វីៗដែលគេធ្វើតែងតែចម្រុងចម្រើនជានិច្ចគេគិតមិនដល់សោះថាព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះគេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
6. គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើហើយអញក៏នឹងមិនជួបប្រទះទុក្ខលំបាកសោះឡើយ»។
7. មាត់របស់គេពោលតែពាក្យបណ្ដាសាពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ហើយពាក្យអពមង្គលនិងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
8. គេតែងពួនស្ទាក់នៅក្បែរភូមិហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
9. គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោតគេពួនស្ទាក់ចាំចាប់ជនទុគ៌តគេចាប់ជនទុគ៌ត ដោយទាក់ទាញឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
10. ជនទុគ៌តក៏ដួល ក្រាបនៅដីហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។
11. មនុស្សពាលគិតក្នុងចិត្តថា«ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ!ព្រះអង្គបិទព្រះនេត្រទ្រង់មិនទតមើលទាល់តែសោះ!»។
12. ព្រះអម្ចាស់អើយ សូមតើនឡើងបង្ហាញព្រះបារមីរបស់ព្រះអង្គសូមកុំភ្លេចមនុស្សទន់ទាបឡើយ!