6. ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
7. «ចូរចងចាំ កុំឲ្យភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធ គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
8. នៅភ្នំហោរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។
9. នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។
10. ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
11. សែសិបថ្ងៃសែសិបយប់ ក្រោយពេលខ្ញុំឡើងទៅជួបព្រះអម្ចាស់ ព្រះអង្គប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។
12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាមួយ”។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: “យើងបានឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
14. ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។
15. ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះ មានភ្លើងពាសពេញលើភ្នំ។