4. ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា ព្រះអម្ចាស់ប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។
5. អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។
6. ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
7. «ចូរចងចាំ កុំឲ្យភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធ គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
8. នៅភ្នំហោរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។
9. នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។
10. ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
11. សែសិបថ្ងៃសែសិបយប់ ក្រោយពេលខ្ញុំឡើងទៅជួបព្រះអម្ចាស់ ព្រះអង្គប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។