13. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: “យើងបានឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
14. ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។
15. ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះ មានភ្លើងពាសពេញលើភ្នំ។
16. ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលព្រះអម្ចាស់បង្ហាញដល់អ្នករាល់គ្នា។
17. ខ្ញុំក៏ចាប់បន្ទះថ្មមកកាន់ក្នុងដៃទាំងពីរ ហើយបោកបន្ទះថ្មទាំងពីរនោះឲ្យបែក នៅចំពោះមុខអ្នករាល់គ្នា»។
18. «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
19. ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញព្រះអម្ចាស់ទ្រង់ព្រះពិរោធ និងក្រេវក្រោធចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀត ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ។
20. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអើរ៉ុនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះ ខ្ញុំក៏បានទូលអង្វរព្រះអង្គឲ្យលោកអើរ៉ុនដែរ។