ទុតិយ‌កថា 9:1-9 Khmer Standard Version (KHSV)

1. «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។

2. ពួក​គេ​ជា​ប្រជា‌ជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។

3. ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​នឹង​កម្ទេច​ពួក​គេ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។

4. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះ‌អម្ចាស់​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះ‌អម្ចាស់​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។

5. អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ព្រះ‌អង្គ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក។

6. ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង‌រូស»។

7. «ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។

8. នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។

9. នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។

ទុតិយ‌កថា 9