ទុតិយ‌កថា 8:3-10 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះ‌អង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។

4. ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក‌បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។

5. ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។

6. ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ និង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ»។

7. «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។

8. ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។

9. នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។

10. ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក។

ទុតិយ‌កថា 8