14. ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
15. ព្រះអង្គបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។
16. ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ព្រះអង្គធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។
17. មិនត្រូវគិតថា អ្នកមានសម្បត្តិដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។
18. ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។
19. ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
20. ពិតមែនហើយ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងត្រូវវិនាសដូចប្រជាជាតិនានា ដែលព្រះអង្គបានធ្វើឲ្យវិនាសសូន្យ បាត់ពីមុខអ្នករាល់គ្នាដែរ»។