ទុតិយ‌កថា 7:9-17 Khmer Standard Version (KHSV)

9. ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះ‌អង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

10. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

11. ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។

12. ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​វិន័យ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាម ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ព្រម​ទាំង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដែរ។

13. ព្រះ‌អង្គ​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក។

14. អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ។

15. ព្រះ‌អម្ចាស់​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះ‌អង្គ​ឲ្យ​ជំងឺ​ទាំង​នោះ​កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។

16. អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សម្រាប់​អ្នក​រាល់​គ្នា»។

17. «មិន​ត្រូវ​រិះគិត​ក្នុង​ចិត្ត​ថា “ប្រជា‌ជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?”

ទុតិយ‌កថា 7