11. ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ច្បាប់ និងវិន័យដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកយកទៅប្រតិបត្តិតាម។
12. ប្រសិនបើអ្នករាល់គ្នាស្ដាប់វិន័យទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។
13. ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។
14. អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ។
15. ព្រះអម្ចាស់នឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គឲ្យជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
16. អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សម្រាប់អ្នករាល់គ្នា»។
17. «មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបណ្ដេញពួកគេចេញពីទឹកដីនេះបាន?”
18. កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានប្រព្រឹត្តចំពោះព្រះចៅផារ៉ោន និងអ្នកស្រុកអេស៊ីបទាំងមូល។
19. អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
20. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។
21. កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ឧត្ដម គួរឲ្យស្ញែងខ្លាច។
22. ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។
23. ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងអំណាចអ្នក ព្រះអង្គធ្វើឲ្យពួកគេភ័យតក់ស្លុត ហើយវិនាសសូន្យទាំងស្រុង។
24. ព្រះអង្គនឹងប្រគល់ស្ដេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្ដេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកទេ។
25. ត្រូវដុតកម្ទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្ដាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះឲ្យសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់វត្ថុទាំងនោះណាស់។
26. មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់»។