ទុតិយ‌កថា 7:1-9 Khmer Standard Version (KHSV)

1. «ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្ដេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ‌ពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក

2. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ‌ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់។ កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។

3. កុំ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។

4. បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កម្ទេច​អ្នក​មួយ​រំពេច។

5. អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ។

6. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។

7. «ព្រះ‌អម្ចាស់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។

8. ព្រះ‌អង្គ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។

9. ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះ‌អង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

ទុតិយ‌កថា 7