1. «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក
2. ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។
3. កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។
4. បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នករាល់គ្នា ហើយកម្ទេចអ្នកមួយរំពេច។
5. អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្ដួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកម្ទេចរូបព្រះរបស់ពួកគេ។
6. ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
7. «ព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។
8. ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។