3. អ៊ីស្រាអែលអើយ ចូរស្ដាប់ក្រឹត្យវិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
4. អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។
5. អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។
6. ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។
7. ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។
8. ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។
9. ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
10. «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់
11. ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្ដូងស្រាប់ គឺអណ្ដូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។
12. ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
13. ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ និងពោលពាក្យស្បថក្នុងព្រះនាមព្រះអង្គតែមួយប៉ុណ្ណោះ។
14. មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ
15. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកជំពាក់ចិត្តជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។
16. មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។
17. ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងច្បាប់ ដែលព្រះអង្គបានបង្គាប់។
18. ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក