ទុតិយ‌កថា 6:12-19 Khmer Standard Version (KHSV)

12. ពេល​ណា​អ្នក​មាន​ភោគ‌ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

13. ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។

14. មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​ឡើយ

15. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

16. មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះ‌អង្គ នៅ​ម៉ាសា​នោះ​ឡើយ។

17. ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ច្បាប់ ដែល​ព្រះ‌អង្គ​បាន​បង្គាប់។

18. ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក

19. ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក។

ទុតិយ‌កថា 6