9. មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
10. ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
11. មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់អោនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
12. ចូរគោរពថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានបង្គាប់ដល់អ្នក។
13. អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ
14. តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឲ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។
15. អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
16. ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នកប្រទានដល់អ្នក។
17. កុំសម្លាប់មនុស្ស។
18. កុំប្រព្រឹត្តអំពើផិតក្បត់។
19. កុំលួចប្លន់គេ។
20. កុំធ្វើសាក្សីក្លែងក្លាយ នាំឲ្យអ្នកដទៃមានទោស។
21. កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចម្ការ អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
22. នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ក្រុមជំនុំទាំងមូល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក* និងអ័ព្ទ។ ព្រះអង្គពុំមានព្រះបន្ទូលអ្វីថែមពីលើនេះទៀតទេ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។