ទុតិយ‌កថា 5:26-33 Khmer Standard Version (KHSV)

26. មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។

27. ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះ‌បន្ទូល រួច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម”។

28. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជា‌ជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។

29. ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ!

30. ចូរ​ទៅ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​ចុះ។

31. ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះ​ជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​ឲ្យ​ពួក​គេ​កាន់​កាប់”។

32. អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ។

33. ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។

ទុតិយ‌កថា 5