2. ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។
3. ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
5. ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នាពុំបានឡើងទៅលើភ្នំទេ។ ព្រះអង្គមានព្រះបន្ទូលថា:
6. “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
7. មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
8. មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។
9. មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ