18. កុំប្រព្រឹត្តអំពើផិតក្បត់។
19. កុំលួចប្លន់គេ។
20. កុំធ្វើសាក្សីក្លែងក្លាយ នាំឲ្យអ្នកដទៃមានទោស។
21. កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចម្ការ អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
22. នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ក្រុមជំនុំទាំងមូល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក* និងអ័ព្ទ។ ព្រះអង្គពុំមានព្រះបន្ទូលអ្វីថែមពីលើនេះទៀតទេ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
23. ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ
24. ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។
25. ហេតុនេះ សូមកុំបណ្ដោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។
26. មិនដែលមានមនុស្សណាបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។
27. ដូច្នេះ សូមលោកចូលទៅជិតព្រះអង្គ ហើយស្ដាប់សេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងមានព្រះបន្ទូល រួចនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់យើងខ្ញុំផង។ យើងខ្ញុំនឹងស្ដាប់ព្រះបន្ទូល ហើយប្រតិបត្តិតាម”។
28. ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។
29. ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ!
30. ចូរទៅប្រាប់ពួកគេឲ្យវិលត្រឡប់ទៅកាន់ជំរំរបស់គេរៀងៗខ្លួនចុះ។
31. ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។
32. អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្ដាំ។