37. ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។
38. ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឲ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។
39. ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។
40. អ្នកត្រូវកាន់តាមច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នកទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករហូតតទៅ»។
41. ពេលនោះ លោកម៉ូសេបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក
42. ធ្វើជាក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។
43. ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។
44. នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។
45. លោកម៉ូសេបានប្រកាសអំពីដំបូន្មាន ច្បាប់ និងវិន័យប្រាប់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប
46. នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានវាយប្រហារស្ដេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប
47. ហើយដណ្ដើមយកទឹកដីរបស់ស្ដេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន មកកាន់កាប់។ ពីមុន ស្ដេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីគ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់
48. ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន
49. វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។