3. អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ
4. ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។
5. អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និងវិន័យផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
6. អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។