21. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។
22. ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។
23. ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ
24. ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។
25. ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្ដោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ
26. ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។
27. ព្រះអម្ចាស់នឹងកំចាត់កំចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។