11. អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្ដាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។
12. ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្ដេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។
13. ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានបទបញ្ជាទាំងដប់ប្រការឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារច្បាប់ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។
14. នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីច្បាប់ និងវិន័យ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។
15. «នៅថ្ងៃព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគបែបណាឡើយ ហេតុនេះ តោងប្រយ័ត្នស្មារតី
16. ក្រែងលោអ្នករាល់គ្នាបណ្ដាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយជារូបតំណាងព្រះណាមួយ ទោះបីជារូបមនុស្សប្រុសស្រី
17. រូបសត្វនៅលើដី ឬសត្វស្លាបហើរនៅលើមេឃ
18. រូបសត្វលូនវារ ឬរូបត្រីនៅក្នុងទឹក។
19. ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្ដោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបណ្ដោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។
20. ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីទាសភាពនៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ព្រះអង្គផ្ទាល់ ដូចសព្វថ្ងៃ។
21. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។
22. ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។
23. ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ