7. ចូរនឹកចាំពីអតីតកាលចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នករៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
8. ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដីឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌កពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នាព្រះអង្គបានកំណត់ព្រំដែនឲ្យជាតិសាសន៍នានាដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។
9. ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែលទុកជាប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុបទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
10. ព្រះអង្គបានរកឃើញអ៊ីស្រាអែលនៅវាលរហោស្ថាន ក្នុងទឹកដីហួតហែងដែលមានតែឆ្កែព្រៃរស់នៅព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែលព្រះអង្គការពារគេដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
11. ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែលដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុកព្រមទាំងហើរការពារពីលើកូនរបស់វាហើយត្រដាងស្លាបក្រុងកូនរបស់វានិងដាក់កូននៅលើចំអេងស្លាបផង។
12. មានតែព្រះអម្ចាស់មួយអង្គគត់ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
13. ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គឡើងទៅរស់នៅតាមតំបន់ភ្នំហើយឲ្យពួកគេបរិភោគភោគផលដែលដុះនៅតាមចម្ការព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេងនៅតាមកន្លែងដែលមានថ្ម។
14. គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគគឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសានព្រមទាំងពពែឈ្មោលពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
15. យេស៊ូរូនបានធំធាត់ មានកម្លាំងរឹងប៉ឹង(ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!)ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ដែលបានបង្កើតខ្លួនមកគេបានមាក់ងាយព្រះអង្គដែលជាថ្មដានិងជាព្រះសង្គ្រោះរបស់ខ្លួន។
16. ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌព្រោះពួកគេបែរទៅគោរពព្រះដទៃពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
17. ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយដែលខ្លួនពុំស្គាល់គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។