46. លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងក្រឹត្យវិន័យនេះ។
47. ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
48. នៅថ្ងៃដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
49. «ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។
50. អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ គឺអ្នកនឹងទៅជួបជុំដូនតារបស់អ្នក ដូចអើរ៉ុនដែលបានស្លាប់នៅលើភ្នំហោរ ទៅជួបជុំដូនតារបស់គាត់ដែរ។
51. កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រាអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាព្រះដ៏វិសុទ្ធ* នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។
52. ដូច្នេះ អ្នកនឹងមើលឃើញស្រុកដែលស្ថិតនៅចំពោះមុខអ្នក តែអ្នកនឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ»។