38. អ្នករាល់គ្នាធ្វើយញ្ញបូជានិងពិធីច្រួចស្រាសែនព្រះទាំងនោះបើព្រះទាំងនោះចេះសេពសោយមែនឲ្យពួកគេក្រោកឡើងជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
39. ឥឡូវនេះ ចូរទទួលស្គាល់ថាមានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។យើងផ្ដល់ជីវិត និងដកជីវិតយើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញគ្មាននរណាអាចរំដោះពីដៃយើងទេ។
40. យើងលើកដៃឆ្ពោះទៅលើមេឃហើយសច្ចាក្នុងនាមយើងដែលជាព្រះគង់នៅអស់កល្បជានិច្ចថា:
41. យើងសំលៀងដាវ និងខាត់វាយ៉ាងរលោងដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់គឺយើងតទល់នឹងបច្ចាមិត្តរបស់យើងហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
42. យើងនឹងធ្វើឲ្យព្រួញរបស់យើងជោកដោយឈាមដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវគ្មានទាហានណាម្នាក់របស់ពួកគេគេចផុតពីមុខដាវនេះបានឡើយគឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយនឹងត្រូវវិនាសដូចគ្នា”។
43. ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរប្រជារាស្ត្ររបស់ព្រះអម្ចាស់!ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គព្រះអង្គដាក់ទោសបច្ចាមិត្ត។ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្ររបស់ព្រះអង្គរួចផុតពីសៅហ្មង»។
44. លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
45. ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ
46. លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងក្រឹត្យវិន័យនេះ។
47. ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
48. នៅថ្ងៃដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖