27. ប៉ុន្តែ យើងនឹងបារម្ភក្រែងលោខ្មាំងសត្រូវយល់ច្រឡំហើយចំអក និងប្រមាថមើលងាយយើងដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែគឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។
28. អ៊ីស្រាអែលជាប្រជាជាតិឥតដឹងខុសត្រូវពួកគេគ្មានប្រាជ្ញាទាល់តែសោះ។
29. ប្រសិនបើពួកគេមានប្រាជ្ញានោះពួកគេមុខជាពិចារណា ហើយយល់ថានៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
30. ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេមិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទេនោះតើខ្មាំងសត្រូវតែម្នាក់អាចដេញតាមអ៊ីស្រាអែលដល់ទៅមួយពាន់នាក់ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យអ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
31. ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថាព្រះដែលជាថ្មដារបស់ពួកគេពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ដែលជាថ្មដារបស់យើងឡើយ។
32. ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជាអ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ាហើយប្រៀបដូចជាដើមទំពាំងបាយជូរដែលមានផ្លែល្វីង និងមានជាតិពុល។
33. ស្រាទំពាំងបាយជូររបស់ពួកគេប្រៀបដូចជាពិសរបស់នាគនិងដូចជាពិសដ៏សាហាវរបស់ពស់វែក។
34. យើងរៀបចំគម្រោងការមួយដ៏លាក់កំបាំងដែលយើងបម្រុងទុក ប្រឆាំងនឹងពួកគេ។
35. ការសងសឹកស្រេចតែលើយើងយើងនឹងតបទៅពួកគេវិញនៅពេលពួកគេជំពប់ដួល!ដ្បិតថ្ងៃវេទនាជិតមកដល់ហើយថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
36. ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គនៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំងដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
37. ព្រះអង្គនឹងសួរពួកគេថា“តើព្រះរបស់អ្នករាល់គ្នាគឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដាដើម្បីពឹងផ្អែកនោះ នៅឯណា?
38. អ្នករាល់គ្នាធ្វើយញ្ញបូជានិងពិធីច្រួចស្រាសែនព្រះទាំងនោះបើព្រះទាំងនោះចេះសេពសោយមែនឲ្យពួកគេក្រោកឡើងជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!