1. «ផ្ទៃមេឃអើយចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលខ្ញុំនឹងថ្លែង!ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ!
2. សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀងសូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើមដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចីឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ
3. ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាមព្រះអម្ចាស់!ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង!
4. ព្រះអង្គជាថ្មដាហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ព្រះអង្គជាព្រះដ៏ស្មោះត្រង់ព្រះអង្គមិនអយុត្តិធម៌ឡើយដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
5. ព្រះអង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះអង្គដោយអ្នករាល់គ្នាមានមារយាទបែបនេះអ្នករាល់គ្នាមិនមែនជាបុត្រធីតារបស់ព្រះអង្គទៀតទេអ្នករាល់គ្នាជាមនុស្សអប្រិយនិងមានចិត្តវៀចវេរ។
6. ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះចំពោះព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្នកមក!ព្រះអង្គបានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
7. ចូរនឹកចាំពីអតីតកាលចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នករៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
8. ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដីឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌កពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នាព្រះអង្គបានកំណត់ព្រំដែនឲ្យជាតិសាសន៍នានាដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។
9. ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែលទុកជាប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុបទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
10. ព្រះអង្គបានរកឃើញអ៊ីស្រាអែលនៅវាលរហោស្ថាន ក្នុងទឹកដីហួតហែងដែលមានតែឆ្កែព្រៃរស់នៅព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែលព្រះអង្គការពារគេដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
11. ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែលដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុកព្រមទាំងហើរការពារពីលើកូនរបស់វាហើយត្រដាងស្លាបក្រុងកូនរបស់វានិងដាក់កូននៅលើចំអេងស្លាបផង។
12. មានតែព្រះអម្ចាស់មួយអង្គគត់ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
13. ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គឡើងទៅរស់នៅតាមតំបន់ភ្នំហើយឲ្យពួកគេបរិភោគភោគផលដែលដុះនៅតាមចម្ការព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេងនៅតាមកន្លែងដែលមានថ្ម។
14. គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគគឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសានព្រមទាំងពពែឈ្មោលពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
15. យេស៊ូរូនបានធំធាត់ មានកម្លាំងរឹងប៉ឹង(ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!)ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ដែលបានបង្កើតខ្លួនមកគេបានមាក់ងាយព្រះអង្គដែលជាថ្មដានិងជាព្រះសង្គ្រោះរបស់ខ្លួន។
16. ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌព្រោះពួកគេបែរទៅគោរពព្រះដទៃពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
17. ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយដែលខ្លួនពុំស្គាល់គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។