21. នៅពេលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចម្រៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេក៏ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
22. នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចម្រៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រាអែល។
23. ព្រះអម្ចាស់បង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
24. ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្ដីអំពីក្រឹត្យវិន័យនេះទុកក្នុងគម្ពីរ ចប់សព្វគ្រប់ហើយ
25. លោកបង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ថា៖
26. «ចូរយកក្រឹត្យវិន័យនេះទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក
27. ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត!
28. ចូរប្រមូលព្រឹទ្ធាចារ្យ*ទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮព្រះបន្ទូលទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ
29. ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
30. លោកម៉ូសេបានថ្លែងសេចក្ដីទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រាអែលស្ដាប់ រហូតដល់ចប់។