6. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
7. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យបណ្ដាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។
8. រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
9. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គនឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នកនឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។
10. ក៏ប៉ុន្តែ អ្នកត្រូវស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ ហើយត្រូវវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។
11. បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។
12. បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្ដាលឲ្យអ្នកពោលថា “តើបាននរណាឡើងទៅលើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។
13. បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។