1. «សេចក្ដីទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់ ទោះបីព្រះពរ ឬបណ្ដាសាក្ដី មុខជាកើតមានដល់អ្នក។ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក និរទេសអ្នកទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ប្រសិនបើអ្នកនឹកឃើញសេចក្ដីទាំងនោះ
2. ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ
3. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្ដារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអង្គកំចាត់កំចាយអ្នកទៅនោះ។
4. ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្ដី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។
5. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។
6. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។