19. ត្រូវទុកប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា នៅក្នុងក្រុងនានាដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា -ខ្ញុំដឹងថាអ្នករាល់គ្នាមានហ្វូងសត្វដ៏ច្រើន។
20. ពេលណាព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។
21. នៅគ្រានោះ ខ្ញុំបានបញ្ជាទៅលោកយ៉ូស្វេថា “អ្នកបានឃើញផ្ទាល់នឹងភ្នែក អំពីការដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះស្ដេចទាំងពីរនេះស្រាប់ហើយ ព្រះអម្ចាស់ក៏នឹងប្រព្រឹត្តចំពោះនគរទាំងប៉ុន្មានទៀត ដែលអ្នកត្រូវទៅវាយយកយ៉ាងនោះដែរ។
22. កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងច្បាំងដើម្បីអ្នករាល់គ្នា”»។
23. «នៅគ្រានោះ ខ្ញុំទូលអង្វរព្រះអម្ចាស់ថា:
24. “បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពឧត្ដុង្គឧត្ដម និងឫទ្ធិបារមីរបស់ព្រះអង្គ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដី អាចសម្តែងការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអង្គទេ។
25. សូមប្រោសប្រទានឲ្យទូលបង្គំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង”។
26. ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គពុំអនុញ្ញាតតាមពាក្យទូលសូមរបស់ខ្ញុំទេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។
27. ចូរឡើងទៅលើភ្នំពីសកា ហើយក្រឡេកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើត។ អ្នកមើលឃើញស្រុកនោះ តែអ្នកមិនអាចឆ្លងទន្លេយ័រដាន់នេះចូលទៅឡើយ។