13. ខ្ញុំបានប្រគល់តំបន់ភ្នំកាឡាដដែលនៅសល់ ព្រមទាំងនគររបស់ស្ដេចអុក នៅស្រុកបាសាន គឺតំបន់អើកុបទាំងមូល និងស្រុកបាសានទាំងមូល ដែលគេហៅថា ស្រុករបស់ពួករេផែម ទៅឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។
14. អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
15. ខ្ញុំបានប្រគល់ស្រុកកាឡាដទៅឲ្យអំបូរម៉ាគារ
16. ចំណែកឯកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ស្រុកកាឡាដមួយចំណែកទៀតឲ្យពួកគេ។ ទឹកដីរបស់ពួកគេលាតសន្ធឹងរហូតទៅដល់ស្ទឹងអើណូន ដែលជាព្រំប្រទល់ ហើយវាតរហូតដល់ស្ទឹងយ៉ាបុក នៅជាប់នឹងទល់ដែនស្រុកអាំម៉ូន
17. ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីសកា។
18. នៅគ្រានោះ ខ្ញុំបានបង្គាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រគល់ស្រុកនេះមកអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាកាន់កាប់ទឹកដីនេះហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាដែលជាទាហានដ៏អង់អាច ត្រូវប្រដាប់អាវុធដើរនៅមុខជនជាតិអ៊ីស្រាអែលឯទៀតៗ ដែលជាបងប្អូនរបស់អ្នករាល់គ្នា។