ទុតិយ‌កថា 3:1-7 Khmer Standard Version (KHSV)

1. «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេទ្រី។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្ដេច​នោះ កង‌ទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែស‌បូន​ដែរ”។

3. ពេល​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​កង‌ទ័ព​ទាំង​មូល មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។

4. នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក‌សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្ដេច​អុក​គ្រប់‌គ្រង។

5. ក្រុង​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ក្រុង​ដ៏​រឹង‌មាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ​គ្មាន​កំពែង​ទេ។

6. ពួក​យើង​កម្ទេច​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន​ដែរ គឺ​ពួក​យើង​កម្ទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

7. ប៉ុន្តែ ពួក​យើង​បាន​រឹប​អូស​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង»។

ទុតិយ‌កថា 3