1. «បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្ដេចនោះ កងទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ”។
3. ពេលនោះ ព្រះអម្ចាស់ជាព្រះនៃយើង បានប្រគល់ព្រះបាទអុក ជាស្ដេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
4. នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្ដើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្ដេចអុកគ្រប់គ្រង។
5. ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំគ្មានកំពែងទេ។
6. ពួកយើងកម្ទេចពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចក្រុងហែសបូនដែរ គឺពួកយើងកម្ទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
7. ប៉ុន្តែ ពួកយើងបានរឹបអូសយកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុង»។
8. «នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន
9. (អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)។
10. ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់ស្ដេចអុកនៅស្រុកបាសាន
11. (ព្រះបាទអុក ស្ដេចស្រុកបាសាន ជាជនជាតិរេផែមចុងក្រោយបង្អស់។ គ្រែរបស់ស្ដេចស្ថិតនៅក្រុងរ៉ាបាត ជាក្រុងរបស់ជនជាតិអាម៉ូរី គ្រែនោះជាគ្រែដែក មានបណ្ដោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ គិតតាមរង្វាស់ហត្ថរបស់មនុស្សធម្មតា)។
12. នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្ដាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។
13. ខ្ញុំបានប្រគល់តំបន់ភ្នំកាឡាដដែលនៅសល់ ព្រមទាំងនគររបស់ស្ដេចអុក នៅស្រុកបាសាន គឺតំបន់អើកុបទាំងមូល និងស្រុកបាសានទាំងមូល ដែលគេហៅថា ស្រុករបស់ពួករេផែម ទៅឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។
14. អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
15. ខ្ញុំបានប្រគល់ស្រុកកាឡាដទៅឲ្យអំបូរម៉ាគារ