21. កូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ ព្រមទាំងជនបរទេសមកពីស្រុកឆ្ងាយ មុខជាឃើញគ្រោះកាច និងជំងឺផ្សេងៗដែលព្រះអម្ចាស់ធ្វើឲ្យកើតមានចំពោះស្រុកនេះ ពួកគេនឹងពោលថា:
22. “ស្រុកទាំងមូលនឹងត្រូវឆាបឆេះ ហើយមានតែស្ពាន់ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ដែលព្រះអម្ចាស់បំផ្លាញ ដោយសារព្រះពិរោធដ៏ខ្លាំងក្លា”។
23. ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។
24. គេនឹងឆ្លើយវិញថា “មកពីពួកគេបោះបង់ចោលសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចងជាមួយពួកគេ នៅពេលព្រះអង្គនាំពួកគេចាកចេញពីស្រុកអេស៊ីប។
25. ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយព្រះអម្ចាស់ក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។
26. ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងស្រុកនេះ។ ព្រះអង្គធ្វើឲ្យបណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះ កើតមានដល់ពួកគេ។
27. ព្រះអម្ចាស់ដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះហឫទ័យក្រេវក្រោធយ៉ាងខ្លាំងបំផុត ហើយព្រះអង្គយកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ”។
28. មានតែព្រះអម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះអង្គសម្តែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ»។