1. លោកម៉ូសេកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ធ្វើចំពោះស្ដេចផារ៉ោន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
2. អ្នករាល់គ្នាបានឃើញព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ដ៏ធំៗរបស់ព្រះអង្គ។
3. ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ព្រះអម្ចាស់ពុំទាន់ប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ហើយមានត្រចៀកដែលអាចស្ដាប់ឮទេ។
4. “យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនចេះរេចរឹល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។
5. អ្នករាល់គ្នាមិនបានបរិភោគនំប៉័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាមែន”។
6. ពេលអ្នករាល់គ្នាមកដល់ទីនេះ ស៊ីហុនជាស្ដេចក្រុងហែសបូន និងអុកជាស្ដេចស្រុកបាសាន បានលើកទ័ពចេញមកវាយប្រហារពួកយើង តែពួកយើងយកជ័យជំនះលើពួកគេ។
7. ពួកយើងដណ្ដើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាចំណែកមត៌ក។
8. ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការ ដែលអ្នករាល់គ្នាធ្វើ។