6. ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
7. ព្រះអម្ចាស់នឹងធ្វើឲ្យបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។
8. ព្រះអម្ចាស់ប្រទានពរឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានឲ្យអ្នក។
9. ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងធ្វើឲ្យអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ* ដូចព្រះអង្គបានសន្យាជាមួយអ្នក។
10. ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។
11. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ដោយធ្វើឲ្យពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើឲ្យអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់បុព្វបុរស* ថាប្រទានឲ្យអ្នកដែរ។
12. ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។
13. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះអោនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។