52. ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។
53. ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។
54. ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់
55. ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។
56. ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន
57. ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។
58. ប្រសិនបើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរឲ្យស្ញែងខ្លាចរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ
59. ព្រះអម្ចាស់នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសម្តែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។
60. ព្រះអង្គនឹងធ្វើឲ្យជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើឲ្យអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។
61. ព្រះអម្ចាស់ធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។