45. បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យច្បាប់ដែលព្រះអង្គប្រទានមកអ្នកឡើយ។
46. បណ្ដាសាទាំងនេះជាទីសម្គាល់ និងជាឫទ្ធិបាដិហារិយ៍ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
47. នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ
48. នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។
49. ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។
50. ពួកគេមានទឹកមុខសាហាវ ពួកគេមិនគោរពចាស់ទុំ ហើយក៏គ្មានចិត្តមេត្តាចំពោះកូនក្មេងដែរ។
51. ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀមឲ្យនៅសល់សម្រាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើឲ្យអ្នកវិនាសសូន្យ។
52. ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។
53. ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។
54. ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់
55. ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។
56. ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន
57. ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។