38. អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។
39. អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។
40. អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។
41. អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។
42. ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។
43. ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះអោនថយកាន់តែខ្សោយទៅៗ។
44. គេនឹងឲ្យទ្រព្យអ្នកខ្ចី គឺមិនមែនអ្នកទេដែលឲ្យគេខ្ចី។ គេនឹងថ្កុំថ្កើងបំផុត រីឯអ្នកវិញអ្នកអន់ជាងគេបំផុត។
45. បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យច្បាប់ដែលព្រះអង្គប្រទានមកអ្នកឡើយ។
46. បណ្ដាសាទាំងនេះជាទីសម្គាល់ និងជាឫទ្ធិបាដិហារិយ៍ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
47. នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ
48. នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។