33. ជាតិសាសន៍ដែលអ្នកពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។
34. ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។
35. ព្រះអម្ចាស់នឹងប្រហារអ្នកឲ្យកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។
36. ព្រះអម្ចាស់នឹងឲ្យគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
37. ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
38. អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។
39. អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។
40. អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។
41. អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។
42. ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។
43. ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះអោនថយកាន់តែខ្សោយទៅៗ។