26. សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
27. ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។
28. ព្រះអម្ចាស់ប្រហារអ្នកឲ្យវង្វេងស្មារតី វិកលចរិត និងមើលអ្វីលែងឃើញ។
29. អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។
30. ពេលអ្នកមានគូដណ្ដឹង បុរសម្នាក់ទៀតនឹងរំលោភនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។
31. គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។
32. គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នកទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។
33. ជាតិសាសន៍ដែលអ្នកពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។
34. ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។
35. ព្រះអម្ចាស់នឹងប្រហារអ្នកឲ្យកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។
36. ព្រះអម្ចាស់នឹងឲ្យគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
37. ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
38. អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។
39. អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។
40. អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។
41. អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។