20. ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
21. ព្រះអម្ចាស់នឹងធ្វើឲ្យអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យបាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។
22. ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។
23. មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។
24. ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។
25. ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
26. សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
27. ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។