15. «ប្រសិនបើអ្នកមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះទេ នោះអ្នកនឹងទទួលបណ្ដាសាដូចតទៅ:
16. អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។
17. អ្នកនឹងត្រូវបណ្ដាសា ដោយគ្មានផ្លែឈើនៅក្នុងល្អី គ្មានស្រូវនៅក្នុងជង្រុក។
18. អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។
19. អ្នកនឹងទទួលបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
20. ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
21. ព្រះអម្ចាស់នឹងធ្វើឲ្យអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យបាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។
22. ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។
23. មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។