1. «ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។
2. ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹងប្រទានពរគ្រប់យ៉ាងដល់អ្នក
3. គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។
4. ព្រះអង្គប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។
5. ព្រះអង្គប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។
6. ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។