12. «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។
13. រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្ដាសា»។
14. «ពួកលេវីត្រូវប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូលយ៉ាងខ្លាំងៗថា:
15. “អ្នកណាឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលព្រះអម្ចាស់ស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្សទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
16. “អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
17. “អ្នកណាបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីបងប្អូនរបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
18. “អ្នកណាធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
19. “អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
20. “អ្នកណារួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន! ព្រោះគេបង្អាប់កិត្តិយសរបស់ឪពុកខ្លួន”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
21. “អ្នកណារួមដំណេកជាមួយសត្វធាតុ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
22. “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្ដី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
23. “អ្នកណារួមដំណេកជាមួយម្ដាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
24. “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
25. “អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
26. “អ្នកណាមិនគោរពសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រតិបត្តិតាមទេ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”»។